Thursday, August 13, 2009

ទស្សនៈមន្រ្តីកម្ពុជា លើសាលក្រមដាក់ឲ្យមេដឹកនាំប្រឆាំងភូមា បន្តជាប់ឃុំក្នុងផ្ទះ

(អត្ថបទនេះ ចេញផ្សាយនៅវិទ្យុអូស្ត្រាលីខេមរភាសា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩)

ក្រុមមន្រ្តីនៃប្រទេសកម្ពុជា នៅថ្ងៃអង្គារ បានថ្លែងការយល់ខុសគ្នាចំពោះ​ការកាត់ទោស​មេដឹកនាំប្រជាធិបតេយ្យ​អ្នកស្រី អ៊ុង សាងស៊ូជី ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ​១៨ខែ។ មន្រ្តីរដ្ឋាភិបាលកម្ពុជាយល់ថា​ ជាការល្អ ប៉ុន្តែសម្រាប់បក្សជំទាស់យល់ថា ជាដំណើរការថយ ក្រោយកាន់ខ្លាំងឡើងនៃលទ្ធិប្រជាធិបតេយ្យ នៅភូមា។
ជាបន្តសូម​​ស្តាប់​របាយ​ការណ៍​របស់លោក ខេមរា សេរីរ័ត្ន ពីរាជធានីភ្នំពេញ​ដូចតទៅ៖

លោក​ កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនៃ​ប្រទេសកម្ពុជា បានថ្លែងចាត់ទុកថា ដំណើរ​ការកាត់ទោសលើ​មេដឹកប្រឆាំងភូមានិងជាជ័យលាភី​ណូបែលសន្តិភាព​ អ្នកស្រីអុង សាងស៊ូជី​ នោះគឺ​ជា​ដំណើរល្អមួយក្នុងដំណើរកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ នៅភូមា​។ ដំណើរ​ការ​ល្អដោយលោក ​អះអាងថា​តុលាការភូមា បានដាក់អ្នកស្រី អ៊ុង សាង​ស៊ូជី ជាប់ឃុំក្នុងផ្ទះ​រយៈពេល៣ឆ្នាំ និងធ្វើការជាទម្ងន់​ក៏ប៉ុន្តែ ការអនុវត្តជាក់ស្តែង គឺតុលាការដាក់ជាប់ឃុំ តែ​១៨ខែ​តែប៉ុណ្ណោះ។ (សំឡេងលោក កុយ គួង)។

ប៉ុន្តែទោះជាយ៉ាងណា សម្រាប់គណបក្សប្រឆាំងនៃប្រទេសកម្ពុជា ចាត់ទុកថា សាល​ក្រម​ដាក់ឲ្យមេដឹកនាំប្រឆាំង​ភូមា នោះ គឺជា ការដាក់គំនាប​និងបង្ហាញពីភ័យ​ខ្លាច​របស់​ខ្លួន​ក្នុងការ​ចូលរួមការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ២០១០ក្រោយនេះ។ លោក​ យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានថ្លែងថា មេដឹកនាំយោធា​ភូមា​ពិតជាមានការភ័យខ្លាច​ ចំពោះ​វត្តមាន​​​របស់មេដឹកលទ្ធិប្រជាធិបតេយ្យ​​ ដែល​មានប្រជាបិ្រយភាព ក្នុងការប្រកួតប្រជែងតាមរយៈការបោះឆ្នោត បើមិនដូច្នោះទេម៉្លេះសម​ របប​យោធាភូមាដោះលែង អ្នកស្រី អ៊ុង សាងស៊ូជី ឲ្យមានសេរីភាពបាត់ទៅហើយ។ (សំឡេងលោក យឹម សុវណ្ណ)។


គួរបញ្ជាក់ថា នៅថ្ងៃអង្គារ នេះតុលាការនៃរបបយោធាភូមា បានប្រកាសសាលក្រមឲ្យ​អ្នកស្រីអ៊ុង សាងស៊ូជី​ ជាប់ឃុំខ្លួន​រយៈពេល១៨ខែ នៅក្នុងផ្ទះបន្តទៀត ពីបទបានឲ្យ​ជនបរទេស ​ចូលស្នាក់អាស្រ័យដោយខុសគោលការណ៍ឃុំឃាំង នៅក្នុងផ្ទះ​របស់​រដ្ឋាភិ​បាលភូមា។
(របាយការណ៍ដោយៈ ខេមរា សេរីរ័ត្ន)

No comments: